យូហ្គោស្លាវី
From Wikipedia, the free encyclopedia
ប្រទេសយូហ្គោស្លាវី[ស 1] គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល និងអាគ្នេយ៍ ដែលមានអត្ថិភាពពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩៩២។
យូហ្គោស្លាវី Jugoslavija Југославија | |||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩១៨–១៩៩២ ១៩៤១–១៩៤៥៖ ក្រោមការត្រួតត្រារបស់មហាអំណាចអ័ក្ស | |||||||||||||||||||||||||
ភ្លេងជាតិ "ចម្រៀងជាតិនៃព្រះរាជាណាចក្រយូហ្គោស្លាវី" (១៩១៩–១៩៤១) "អេ ស្លាវ" (១៩៤៥–១៩៩២) | |||||||||||||||||||||||||
យូហ្គោស្លាវីនៅអំឡុងសម័យអន្តរសង្គ្រាម (លើ) និងសម័យសង្គ្រាមត្រជាក់ (ក្រោម) | |||||||||||||||||||||||||
ធានី និង ទីក្រុងធំបំផុត | បែលក្រាដ 44°49′N 20°27′E | ||||||||||||||||||||||||
ភាសាផ្លូវការ | ស៊ែប៊ី-ក្រូអាត-ស្លូវេន (មុនឆ្នាំ១៩៤៤) ស៊ែប៊ី-ក្រូអាត (ពីឆ្នាំ១៩៤៤) | ||||||||||||||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ (១៩១៨–១៩៤១) សាធារណរដ្ឋសហព័ន្ធ (១៩៤៥–១៩៩២) | ||||||||||||||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||||||||||||||
▪ ស្ថាបនកម្ម | ១ ធ្នូ ១៩១៨ | ||||||||||||||||||||||||
▪ អំណាចអ័ក្សចូលឈ្លានពាន | ៦ មេសា ១៩៤១ | ||||||||||||||||||||||||
▪ ទទួលស្គាល់ដោយ អ.ស.ប | ២៤ តុលា ១៩៤៥ | ||||||||||||||||||||||||
២៩ វិច្ឆិកា ១៩៤៥ | |||||||||||||||||||||||||
▪ បែកខ្ញែករដ្ឋ | ២៧ មេសា ១៩៩២ | ||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||
▪ ១៩៥៥ | ១៧,៥២២,៤៣៨ [1] | ||||||||||||||||||||||||
▪ ១៩៦៥ | ១៩,៤៨៩,៦០៥[2] | ||||||||||||||||||||||||
▪ ១៩៧៥ | ២១,៤៤១,២៩៧[3] | ||||||||||||||||||||||||
▪ ១៩៨៥ | ២៣,១២១,៣៨៣[4] | ||||||||||||||||||||||||
▪ ១៩៩១ | ២៣,៥៣២,២៧៩[5] | ||||||||||||||||||||||||
រូបិយវត្ថុ | ឌីណាយូហ្គោស្លាវី | ||||||||||||||||||||||||
កូដហៅទូរសព្ទ | ៣៨ | ||||||||||||||||||||||||
ដែនកម្រិតខ្ពស់ | .yu | ||||||||||||||||||||||||
|
រដ្ឋមួយនេះបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៩១៨[ស 2] បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេន (កើតចេញពីការច្របាច់បញ្ចូលគ្នានៃព្រះរាជាណាចក្រស៊ែប៊ី ជាមួយនឹងបណ្ដារដ្ឋស្លូវេន ក្រូអាត និងស៊ែប ដែលសុទ្ធតែជាអតីតទឹកដីនៃចក្រភពអូទ្រីស-ហុងគ្រី)។ នៅទីបំផុត ប្រជាជនស្លាវខាងត្បូងបានរួបរួមគ្នាបង្កើតចេញជារដ្ឋអធិបតេយ្យមួយ ក្រោយពីបានស្ថិតនៅក្រោមការត្រួតត្រាពីបរទេសអស់ជាច្រើនសតវត្សមក ដូចជា ចក្រភពអូតូម៉ង់ និងអូទ្រីស-ហុងគ្រីជាដើម។ ស្ដេចស៊ែប៊ីព្រះនាម ពេទ័រទី១ បានក្លាយជាព្រះមហាក្សត្រដំបូងនៃរដ្ឋមួយនេះ។ ព្រះរាជាណាចក្រថ្មីថ្មោងនេះត្រូវបានគេទទួលស្គាល់ជាអន្តរជាតិនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩២២ នៅក្នុងសន្និសីទឯកអគ្គរដ្ឋទូតនៅឯទីក្រុងប៉ារីស។[7] ឈ្មោះផ្លូវការរបស់រដ្ឋនេះត្រូវបានប្តូរមក ព្រះរាជាណាចក្រយូហ្គោស្លាវី នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩២៩។
ព្រះរាជាណាចក្រយូហ្គោស្លាវីត្រូវបានមហាអំណាចអ័ក្សចូលឈ្លានពាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១។ មកដល់ឆ្នាំ១៩៤៣ សហព័ន្ធប្រជាធិបតេយ្យយូហ្គោស្លាវីត្រូវបានប្រកាសបង្កើតឡើងដោយចលនាតស៊ូបក្សព័ន្ធ។ នៅឆ្នាំ១៩៤៤ ព្រះមហាក្សត្រយូហ្គោស្លាវីដែលត្រូវបាននិរទេសក្រៅស្រុក ព្រះនាមពេទ័រទី២ បានប្រកាសទទួលស្គាល់សហព័ន្ធនោះថាជារដ្ឋាភិបាលស្របច្បាប់។ រដ្ឋាភិបាលកុម្មុយនីស្តថ្មីត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសនៅខែវិច្ឆិកា ឆ្នាំ១៩៤៥ ហើយរបបរាជានិយមពីមុនក៏ត្រូវបានលុបបំបាត់ចោល ខណៈឈ្មោះផ្លូវការនៃប្រទេសត្រូវបានប្តូរទៅ សាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី។ ជាថ្នូរនឹងវិនាសកម្មក្នុងសង្គ្រាមលោកលើកទី២ ទឹកដីនៃប្រទេសអ៊ីតាលីដូចជា អ៊ីស្ត្រា រីជេកា និងហ្សាដារ ត្រូវបានកាត់ប្រគល់ឱ្យយូហ្គោស្លាវី។ មេដឹកនាំនៃអតីតចលនាបក្សព័ន្ធលោកយ៉ូស៊ីប ប្រូហ្ស ទីតូបានឡើងគ្រប់គ្រងប្រទេសយូហ្គោស្លាវីពីឆ្នាំ១៩៤៤ ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយក្រោយមកជាប្រធានាធិបតីរហូតដល់ថ្ងៃមរណៈរបស់គាត់នៅក្នុងឆ្នាំ១៩៨០។ នៅឆ្នាំ១៩៦៣ ប្រទេសនេះត្រូវបានប្តូរឈ្មោះជាលើកចុងក្រោយមក សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី (សសសយ)។
នៅក្នុងសហព័ន្ធយូហ្គោស្លាវីគឺមានសាធារណរដ្ឋធម្មនុញ្ញចំនួនប្រាំមួយដែលផ្សំបញ្ចូលគ្នាបង្កើតបានជារដ្ឋប្រទេសមួយនេះ ដោយក្នុងនោះមានដូចជា សាធារណរដ្ឋសង្គមនិយមបូសនី-អ៊ែរសេកូវីន ក្រូអាត ម៉ាសេដ្វាន ម៉ុងតេណេគ្រោ ស៊ែប៊ី និងស្លូវេនី។ ចំណែកនៅក្នុងសាធារណរដ្ឋសង្គមនិយមស៊ែប៊ីវិញគឺមានខេត្តស្វយ័តសង្គមនិយមចំនួនពីរ ពោលគឺ កូសូវ៉ូ និងវយវ៉ូឌីន ហើយនៅក្រោយឆ្នាំ១៩៧៤ ខេត្តទាំងពីរបានទទួលស្វ័យភាពស្មើនឹងសមាជិកដទៃទៀតនៅក្នុងសហព័ន្ធ។[8][9] បន្ទាប់ពីបានជួបនូវវិបត្តិសេដ្ឋកិច្ច និងនយោបាយក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គំនិតជាតិនិយម និងជម្លោះក្រុមជនជាតិបានរីករាលសាយទៅពាសពេញផ្ទៃប្រទេស ហើយទីបំផុត យូហ្គោស្លាវីក៏បានបែកបាក់ទៅតាមសាធារណរដ្ឋរៀងៗខ្លួន ដែលដំបូងឡើយបែកចេញជាប្រាំប្រទេស រួចបានបង្កកើតចេញជាសង្រ្គាមយូហ្គោស្លាវី។ ដោយសារតែភាពឃោរឃៅនៅក្នុងសង្គ្រាមនេះ សហគមន៍អន្តរជាតិបានបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវីឡើងដើម្បីកាត់ទោសមេដឹកនាំនយោបាយ និងយោធាពីអតីតយូហ្គោស្លាវីពីបទឧក្រិដ្ឋកម្មសង្រ្គាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលបានប្រព្រឹត្តក្នុងអំឡុងពេលសង្រ្គាម។
ក្រោយការបែកបាក់រដ្ឋ សាធារណរដ្ឋម៉ុងតេណេគ្រោ និងស៊ែប៊ីបានរួមគ្នាបង្កើតរដ្ឋសហព័ន្ធថ្មីមួយឡើងដែលមានឈ្មោះថា សាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី (សសយ)។ រដ្ឋសហព័ន្ធថ្មីនេះបានអះអាងថាខ្លួនគឺជារដ្ឋស្នងស្របច្បាប់តែមួយគត់បន្តពី សសសយ ប៉ុន្តែអំណះអំណាងអស់នេះត្រូវបានប្រឆាំងដោយអតីតសាធារណរដ្ឋនៃយូហ្គោស្លាវីពីមុន។ ដោយទទួលយកមតិយោបល់ពីគណៈកម្មាធិការមជ្ឈត្តកម្មបាដង់ទែរ[10] សសយ ក៏សម្រេចប្តូរឈ្មោះផ្លូវការទៅជា ស៊ែប៊ី និងម៉ុងតេណេគ្រោ នៅក្នុងឆ្នាំ២០០៣។ មកដល់ត្រឹមឆ្នាំ២០០៦ រដ្ឋមួយបានរំលាយខ្លួនជាផ្លូវការបន្ទាប់ពីម៉ុងតេណេគ្រោ និងស៊ែប៊ីបានប្រកាសជារដ្ឋឯករាជ្យរៀងៗខ្លួន ខណៈរដ្ឋកូសូវ៉ូកំពុងមានជម្លោះទាក់ទិននឹងអធិបតេយ្យភាពខ្លួនចាប់តាំងពីបានប្រកាសឯករាជ្យនៅក្នុងឆ្នាំ២០០៨ មក។