ទឹក
រូបធាតុគីមី / From Wikipedia, the free encyclopedia
ទឹក គឺជាវត្ថុរាវធម្មតាមួយប្រភេទនៅលើផែនដី។ ៧១,៤%នៃផ្ទៃផែនដី គ្របដណ្តប់ទៅដោយទឹក។ [1] ទឹកស្អាត ដែលសព្វថ្ងៃគេនិយមហៅថា ទឹកបរិសុទ្ធ ពុំមានក្លិន រសជាតិ និងពណ៌ទេ។ ឈ្មោះនៃទឹក ត្រូវបានគេហៅតាមទីកន្លែងរបស់វា មានដូចជា ទឹកបឹង ទឹកទន្លេ ទឹកសមុទ្រ ឬទឹកភ្លៀងជាដើម។ ទឹកភ្លៀង គឺជាទឹកមួយប្រភេទដែលធ្លាក់ចុះមកអំពីអាកាស។ ទឹកភ្លៀងនេះ ត្រូវបានកើតឡើងដោយសារការរលាយនៃដុំពពក ដែលអណ្តែតឰដ៏អាកាស។ នៅប្រទេសមួយចំនួន ដែលមានអាកាសធាតុត្រជាក់ ទឹកដែលធ្លាក់មកនេះ កកបន្តិចៗទៅជាដុំតូចៗ ដែលគេតែងហៅថា ព្រឹល។ បើត្រជាក់ខ្លាំង ទឹកនេះក៏កករឹងជាដុំតូចខ្លះ ធំល្មមខ្លះ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ ទឹកដែលក្តៅក្នុងស៊ីតុណ្ហភាពជាក់លាក់ណាមួយ នឹងបង្កើតជាចំហាយឡើងទៅលើអាកាស បង្កើតបានជាសំណុំផ្សែងទឹកដ៏ក្រាស់ ឬស្តើង ដែលគេតែងហៅថា ពពក។ ទឹកស្អាតមានសារៈប្រយោជន៍ជាច្រើនចំពោះសុខភាព។ មនុស្សសត្វទាំងឡាយ តែងត្រូវការទឹកជាចាំបាច់ សម្រាប់ទ្រទ្រង់រាងកាយ។ [2]
តាមការស្រាវជ្រាវ បានឲ្យដឹងថា នៅកំឡុងឆ្នាំ២០២៥ ប្រជាជនច្រើនជាងពាក់កណ្តាល នៅលើពិភពលោក មានបញ្ហាកង្វះខាតទឹក។[3]
ទឹក គឺជាសារធាតុរាវតែមួយគត់ ដែលអាចបំលែងទៅជារូបរាងផ្សេង។ ក្នុងសីតុណ្ហភាពធម្មតា ទឹកមានលក្ខណៈរាវ។ ក្នុងសីតុណ្ហភាព០អង្សា ទឹកក៏ក្លាយទៅជាកក ដែលហៅថា ទឹកកក។ នៅពេលគេយកទឹកនោះទៅដាំ ទឹកក៏ពុះឡើងនៅសីតុណ្ហភាព១០០អង្សា បង្កើតបានជាផ្សែង ដែលហៅថាចំហាយទឹក។ ទឹកមានលក្ខណៈពិសេស គឺនៅពេលទឹកនោះកក វារីកមាឌរហូតដល់ទៅ៩%នៃចំនួនទឹកនោះ។[4][5][6] ការរីកមាឌនេះ អាចបណ្តាលឲ្យវត្ថុ ឬឧបករណ៍ដែលដាក់ទឹកនោះ បែក ប្រសិនបើទឹកដែលនៅក្នុងនោះ ចាប់ផ្តើមកក។