កូរ៉េខាងជើង
From Wikipedia, the free encyclopedia
ប្រទេសកូរ៉េខាងជើង ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។ កូរ៉េខាងជើងមានព្រំដែនគោកជាប់នឹងប្រទេសចិន និងរុស្ស៊ីនៅភាគខាងជើង ហើយប៉ែកខាងត្បូងគឺជាប់នឹងប្រទេសកូរ៉េខាងត្បូងត្រង់តំបន់គ្មានយោធាកូរ៉េ។ នៅឯដែនសមុទ្រវិញ ប្រទេសកូរ៉េខាងជើងមានព្រំប្រទល់ខាងលិចជាប់នឹងសមុទ្រលឿង ឯខាងកើតជាប់នឹងសមុទ្រជប៉ុន។ ដូចសមភាគីខាងត្បូងរបស់ខ្លួនដែរ កូរ៉េខាងជើងគឺតែងតែអះអាងថាខ្លួនគឺជារដ្ឋាភិបាលស្របច្បាប់នៃឧបទ្វីបកូរ៉េទាំងមូល បូករួមទាំងបណ្តុំកោះតូចៗនៅជុំវិញផង។ ព្យុងយ៉ាងគឺជារដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសកូរ៉េខាងជើង។
조선민주주의인민공화국 (ភាសាកូរ៉េ) | |
---|---|
មនោគមវិជ្ជារដ្ឋ៖ ជូឆេ (ប្រែថា 'ទីពឹងខ្លួន') | |
ទីតាំងប្រទេសកូរ៉េខាងជើង (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ព្យុងយ៉ាង 39°2′N 125°45′E |
ភាសាផ្លូវការ | ភាសាកូរ៉េ |
អក្សរផ្លូវការ | ឆូសន់ហ្គឹល[1] |
សាសនា (ឆ្នាំ ២០២០) | |
រដ្ឋាភិបាល | សាធារណរដ្ឋសង្គមនិយមឯកបក្សក្រោមរបបផ្តាច់ការ[2][3][4][5] |
- អង្គលេខាធិការបក្សពលករកូរ៉េ / ប្រធានគណៈកម្មការកិច្ចការរដ្ឋ | គីម ជុងអ៊ុន |
- ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូល / អនុប្រធានទីមួយនៃគណៈកម្មការកិច្ចការរដ្ឋ | ឆូ រ្យ៉ុងហេ |
- អនុប្រធាននៃគណៈកម្មការកិច្ចការរដ្ឋ | ផាក ប៉ុងជូ |
- នាយកគណៈរដ្ឋមន្ត្រី | គីម តុកហុន |
- ប្រធានសភាប្រជាជនកំពូល | ផាក អ៊ីនឆុល |
នីតិបញ្ញត្តិ | សភាប្រជាជនកំពូល |
និម្មិតកម្ម | |
- រដ្ឋាភិបាលបណ្តោះអាសន្នដំបូង | ៨ កុម្ភៈ ១៩៤៦ |
- រដ្ឋាភិបាលបណ្តោះអាសន្នលើកទីពីរ | ២២ កុម្ភៈ ១៩៤៧ |
- រដ្ឋបានបង្កើតឡើងជាផ្លូវការ | ៩ កញ្ញា ១៩៤៨ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ២៧ ធ្នូ ១៩៧២ |
- ទទួលស្គាល់ដោយ អសប | ១៧ កញ្ញា ១៩៩១ |
- សេចក្តីប្រកាសផានមុនចុម | ២៧ មេសា ២០១៨ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១២០,៥៣៨ គ.ម២ (ទី៩៧) |
- ផ្ទៃទឹក (%) | ០.១១ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ២៥,៩៥៥,១៣៨[6] (ទី៥៥) |
- ជំរឿន (ឆ្នាំ ២០០៨) | ២៤,០៥២,២៣១[7] |
- ដង់ស៊ីតេ | ២១២ នាក់/គ.ម២ (ទី៤៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៥) |
- សរុប | ៤០ ពាន់លានដុល្លារ[8] |
- ក្នុងម្នាក់ | ១,៨០០ ដុល្លារ[9] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ១៦ ពាន់លានដុល្លារ[10] |
- ក្នុងម្នាក់ | ៤៦០ ដុល្លារ |
រូបិយវត្ថុ | វ៉ុនប្រជាជនកូរ៉េ (₩) (KPW) |
ល្វែងម៉ោង | UTC+៩ (ម៉ោងព្យុងយ៉ាង[11]) |
ទម្រង់កាលបរិច្ឆេទ |
|
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៨៥០[12] |
កូដ ISO 3166 | KP |
ដែនកម្រិតខ្ពស់ | .kp[13] |
ប្រវត្តិសាស្រ្តនៃប្រជាជាតិកូរ៉េបច្ចុប្បន្នបានចាប់ផ្តើមជាមួយនឹងនគរកូចូសន់នៅក្នុងឆ្នាំ ២៣៣៣ មុន គ.ស. ដោយមានស្ដេចដំបូងព្រះនាមថា ថានហ្គុន ក៏ប៉ុន្តែរហូតមកដល់សម័យបច្ចុប្បន្ន គេមិនទាន់បានរកឃើញភស្តុតាងបុរាណវិទ្យា និងកំណត់ត្រាណាមួយដែលអាចបញ្ជាក់ពីអត្ថិភាពនៃសម័យនោះបានទេ។ បន្ទាប់ពីការបង្រួបបង្រួមនគរកូរ៉េទាំងបីឱ្យស្ថិតនៅក្រោមអំណាចមហានគរស៊ីលឡានៅក្នុងឆ្នាំ ៦៦៨ នៃគ.ស. ប្រទេសកូរ៉េត្រូវបានដឹកនាំជាបន្តបន្ទាប់ដោយរាជវង្សកូរ្យ៉ូ (៩១៨–១៣៩២) និងរាជវង្សចូសន់ (១៣៩២–១៨៩៧)។ នៅក្នុងឆ្នាំ១៨៩៧ ស្តេចហ្គោជុងបានប្រកាសបង្កើតចក្រភពកូរ៉េឡើង ដែលក្រោយមកត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់ចក្រភពជប៉ុននៅក្នុងឆ្នាំ១៩១០។ នៅឆ្នាំ១៩៤៥ បន្ទាប់ពីការបរាជ័យរបស់ជប៉ុននៅចុងសង្គ្រាមលោកលើកទី២ ប្រជាជាតិកូរ៉េត្រូវបានបែងចែកទៅជាពីរតំបន់តាមបណ្តោយខ្សែស្របទី ៣៨ ដោយប៉ែកខាងជើងត្រូវស្ថិតនៅក្រោមសហភាពសូវៀត រីឯប៉ែកខាងត្បូងវិញគឺនៅក្រោមសហរដ្ឋអាមេរិក។
នៅឆ្នាំ១៩៤៨ រដ្ឋាភិបាលដាច់ដោយឡែកចំនួនពីរត្រូវបានបង្កើតឡើងនៅក្នុងឧបទ្វីបកូរ៉េ៖ ទីមួយគឺ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និយមសូវៀតនៅភាគខាងជើង និងសាធារណរដ្ឋកូរ៉េ និយមលោកខាងលិចនៅភាគខាងត្បូង។ សង្គ្រាមកូរ៉េបានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៥០ បន្ទាប់ពីកងកម្លាំងកូរ៉េខាងជើងបានចូលឈ្លានពានកូរ៉េខាងត្បូង។ ក្នុងឆ្នាំ១៩៥៣ កិច្ចព្រមព្រៀងយុទ្ធសន្តិភាពកូរ៉េបាននាំឱ្យមានបទឈប់បាញ់រវាងរដ្ឋទាំងពីរ និងបានបង្កើតតំបន់គ្មានយោធានៅតាមព្រំដែន ប៉ុន្តែគ្មានសន្ធិសញ្ញាសន្តិភាពផ្លូវការណាមួយត្រូវបានចុះនោះឡើយ។ នៅក្រោយសង្គ្រាម កូរ៉េខាងជើងបានទទួលជំនួយសេដ្ឋកិច្ច និងជំនាញច្រើនតាមរយៈបណ្តាប្រទេសប្លុកខាងកើត។ ក៏ប៉ុន្តែ លោកគីម អ៊ីលស៊ុង ដែលជាមេដឹកនាំទីមួយនៃប្រទេសកូរ៉េខាងជើង បានលើកទស្សនវិជ្ជាជូឆេរបស់ខ្លួនជាមនោគមវិជ្ជារដ្ឋ។ គោលនយោបាយឯកោអន្តរជាតិរបស់ព្យុងយ៉ាងបានចាប់ប្រតិបត្តិឡើងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។ ការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១ បាននាំឱ្យសេដ្ឋកិច្ចកូរ៉េខាងជើងធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ នៅរវាងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ ប្រទេសកូរ៉េខាងជើងបានជួបនូវគ្រោះទុរ្ភិក្សអន្តរាយមួយដែលបណ្តាលឱ្យមនុស្សចាប់ពី ២៤០,០០០ នាក់ទៅ ៤២០,០០០ នាក់បាត់បង់ជីវិត ហើយរហូតមកដល់បច្ចុប្បន្ន កង្វះអាហារូបត្ថម្ភនូវតែជាបញ្ហានៅក្នុងសង្គមកូរ៉េខាងជើង។ នៅក្នុងឆ្នាំ២០២៤ កូរ៉េខាងជើងបានសម្រេចបោះបង់ចោលជាផ្លូវការនូវកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមកូរ៉េដោយសន្តិវិធី។
កូរ៉េខាងជើងជាប្រទេសផ្តាច់ការនិយមដែលមានប្រពៃណីគោរពស្រឡាញ់គ្រួសារត្រកូលគីម។ អង្គការលើកលែងទោសអន្តរជាតិបានចាត់ទុកកូរ៉េខាងជើងជាប្រទេសដែលមានកំណត់ត្រារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ តាមផ្លូវការ កូរ៉េខាងជើងគឺជា "រដ្ឋសង្គមនិយមឯករាជ្យ" ដែលមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ[ស 3] ក៏ប៉ុន្តែ អ្នកសង្កេតការណ៍ខាងក្រៅបានបកស្រាយការបោះឆ្នោតទាំងនោះថា អយុត្តិធម៌ គ្មានការប្រកួតប្រជែង និងបានកំណត់ទុកជាមុន ដូចស្រដៀងនឹងការបោះឆ្នោតនៅក្នុងសហភាពសូវៀតដែរ។ គណបក្សពលករកូរ៉េ គឺជាគណបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង និងជាក្បាលម៉ាស៊ីនដឹកនាំរណសិរ្សប្រជាធិបតេយ្យដើម្បីបង្រួបបង្រួមជាតិកូរ៉េ។ យោងតាមមាត្រា ៣ នៃរដ្ឋធម្មនុញ្ញ លទ្ធិគីមអ៊ីលស៊ុង–គីមចុងអ៊ីល គឺជាមនោគមវិជ្ជាផ្លូវការរបស់ប្រទេសកូរ៉េខាងជើង។ ធនធានផលិតកម្មនានាត្រូវបានគ្រប់គ្រងដោយរដ្ឋ តាមរយៈសហគ្រាសរដ្ឋ និងកសិដ្ឋានសមូហភាព។ សេវាកម្មភាគច្រើន (ដូចសេវាថែទាំសុខភាព អប់រំ លំនៅដ្ឋាន និងផលិតកម្មស្បៀងអាហារ) ត្រូវបានឧបត្ថម្ភធន ឬផ្តល់មូលនិធិដោយរដ្ឋ។
ប្រទេសកូរ៉េខាងជើងបានប្រតិបត្តិស៊ុងហ្គុន ដែលជាគោលនយោបាយ "យោធាមុន" ពោលគឺរដ្ឋផ្តល់អាទិភាពដល់កងទ័ពប្រជាជនកូរ៉េក្នុងកិច្ចការរដ្ឋ និងការបែងចែកធនធាន។ កូរ៉េខាងជើងជារដ្ឋមានអាវុធនុយក្លេអ៊ែរ។ កងទាហានសកម្មរបស់ខ្លួនមានចំនួន ១.២៨ លាននាក់ ដែលជាចំនួនទាហានសកម្មច្រើនជាងគេទីបួននៅលើពិភពលោក។ ក្រៅពីមានឈ្មោះជាសមាជិកអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៩១ មក កូរ៉េខាងជើងក៏ជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ ជី៧៧ និងវេទិកាតំបន់អាស៊ានផងដែរ។