សហរាជាណាចក្រ
From Wikipedia, the free encyclopedia
សហរាជាណាចក្រ ឬ រាជាណាចក្ររួម (ភាសាអង់គ្លេស៖ United Kingdom, ហៅកាត់ថា"UK")[14] ដោយមានឈ្មោះផ្លូវការថា សហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើង (The United Kingdom of Great Britain and Northern Ireland) ហើយជាទូទៅ ខ្មែរយើងច្រើនហៅថា "ចក្រភពអង់គ្លេស" គឺជារដ្ឋអធិបតេយ្យមួយដែលមានទីតាំងស្ថិតនៅឆ្នេរប៉ែកពាយ័ព្យនៃទ្វីបអឺរ៉ុប។ ប្រទេសនេះបានគ្របដណ្តប់លើកោះ"ក្រង់ប្រឺតាញ" ផ្នែកភាគឥសាន្តនៅលើកោះ"អៀរឡង់" និងរួមជាមួយនឹងកោះតូចៗជាច្រើនទៀត។[15] អៀរឡង់ខាងជើង ដែលជាផ្នែកមួយនៃរាជាណាចក្ររួម មានព្រំប្រទល់ជាមួយនឹងសាធារណរដ្ឋអៀរឡង់។ សហរាជាណាចក្រត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាត្លង់ទិក ដោយទិសខាងកើតជាប់នឹងសមុទ្រខាងជើង ខាងត្បូងជាប់នឹងច្រកសមុទ្រអង់គ្លេស និងទិសនីរតីជាប់នឹងសមុទ្រសែលទិក។ សមុទ្រអៀរឡង់គឺជាសមុទ្រស្ថិតនៅចន្លោះកណ្តាលនៃកោះអៀរឡង់ និងក្រង់ប្រឺតាញ។ សហរាជាណាចក្រមានផ្ទៃដីសរុបចំនួន ២៤០,០០០ គ.ម២ និងមានប្រជាជនចំនួន ៦៧ លាននាក់បើគិតត្រឹមឆ្នាំ២០២០។
United Kingdom of Great Britain and Northern Ireland | |
---|---|
ទីតាំងសហរាជាណាចក្រ (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | ឡុងដ៍ 51°30′N 0°7′W |
ភាសាផ្លូវការ និងភាសាជាតិ | ភាសាអង់គ្លេស |
ភាសាតំបន់ និងភាសាភាគតិច[note 2] |
|
ក្រុមជនជាតិ (ឆ្នាំ ២០១១) |
|
សាសនា |
|
ប្រទេសសមាជិក | |
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រដ្ឋឯកភូតប្រកាន់ប្រព័ន្ធសភា |
- ព្រះមហាក្សត្រ | ឆាលស៍ទី៣ |
- នាយករដ្ឋមន្រ្តី | រីស៊ី ស៊ូណាក់ |
នីតិបញ្ញត្តិ | សភាតំណាងរាស្រ្ត |
សភាអភិជន | |
- សភាជាន់ទាប | សភាសាមញ្ញជន |
និមិត្តកម្ម | |
- សេចក្តីសម្រេចច្បាប់វេលស៍ | ១៥៣៥ និង ១៥៤២ |
- សហភាពរាជបល្ល័ង្ក | ២៤ មីនា ១៦០៣ |
- សេចក្តីសម្រេចសហភាពនៃអង់គ្លេសនិងស្កុតឡិន | ១ ឧសភា ១៧០៧ |
- សេចក្តីសម្រេចសហភាពនៃក្រង់ប្រឺតាញនិងអៀរឡង់ | ១ មករា ១៨០១ |
- សេចក្តីសម្រេចរដ្ឋធម្មនុញ្ញរដ្ឋសេរីអៀរឡង់ | ៥ ធ្នូ ១៩២២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២៤២,៤៩៥ គ.ម២ [8] (ទី៧៨) |
- ផ្ទៃទឹក (%) | ១.៣៤ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៦៧,០៨១,០០០[9] (ទី២១) |
- ជំរឿន (ឆ្នាំ ២០១១) | ៦៣,១៨២,១៧៨[10] (ទី២២) |
- ដង់ស៊ីតេ | ២៧០.៧ នាក់/គ.ម២ (ទី៥០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣.២៧៦ ទ្រីលានដុល្លារ[11] (ទី១០) |
- ក្នុងម្នាក់ | ៤៨,៦៩៣ ដុល្លារ[11] (ទី២៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣.១០៨ ទ្រីលានដុល្លារ[11] (ទី៥) |
- ក្នុងម្នាក់ | ៤៦,២០០ ដុល្លារ[11] (ទី២២) |
ជីនី (២០១៩) | ៣៦.៦[12] មធ្យម · ទី៣៣ |
HDI (២០១៩) | ០.៩៣២[13] ខ្ពស់ណាស់ · ទី១៣ |
រូបិយវត្ថុ | ផោនស្ទឺលីង[note 4] (GBP) |
ល្វែងម៉ោង | UTC (ម៉ោងមធ្យមហ្រ្គីនវីច, WET) |
- រដូវក្តៅ (DST) | UTC+១ (ម៉ោងរដូវក្តៅប្រឺតាញ, WEST) |
[note 5] | |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy yyyy-mm-dd (គ.ស) |
បណ្ដាញចែកចាយអគ្គិសនី | 230 V–50 Hz |
ទិសបើកបរ | ឆ្វេង[note 6] |
កូដហៅទូរស័ព្ទ | +៤៤[note 7] |
ដែនកម្រិតខ្ពស់ | .uk[note 8] |
រាជាណាចក្ររួមជាប្រទេសដែលប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត។[note 9][16][17] ព្រះរាជាបច្ចុប្បន្នគឺព្រះអង្គម្ចាស់ឆាលស៍ទី៣ ហើយទ្រង់បានសោយរាជ្យតាំងពីឆ្នាំ ២០២២ ។ រាជធានីនិងទីក្រុងធំបំផុតរបស់សហរាជាណាចក្រគឺទីក្រុងឡុងដ៍ ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកហើយមានប្រជាជនរស់នៅចំនួន ១៤ លាននាក់។[18][19] សហរាជាណាចក្រផ្តុំឡើងដោយប្រទេសចំនួន បួនមាន៖ អង់គ្លេស អៀរឡង់ខាងជើង ស្កុតឡិន និងវេលស៍។[20] ក្រៅពីអង់គ្លេស ប្រទេសទាំងបីទៀតគឺមានប្រតិភូរដ្ឋាភិបាល[21] ដែលមានអំណាចផ្សេងៗគ្នា។[22][23]
សហរាជាណាចក្របានលេចចេញឡើងពីប្រវត្តិសាស្ត្ររាប់រយឆ្នាំនៃការកាត់យកទឹកដីជិតខាង និងការចងសហភាពជាមួយរដ្ឋជិតខាង។ សន្ធិសញ្ញាសហភាពរវាងព្រះរាជាណាចក្រអង់គ្លេស (ដែលរួមបញ្ចូលប្រទេសវេលស៍ដោយទឹកដីវាត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់អង់គ្លេសនៅក្នុងឆ្នាំ១៥៤២) និងព្រះរាជាណាចក្រស្កុតឡិននៅឆ្នាំ១៧០៧ បានបង្កើតឱ្យមានព្រះរាជាណាចក្រក្រង់ប្រឺតាញឡើង។ ការចងសហភាពជាមួយព្រះរាជាណាចក្រអៀរឡង់នៅឆ្នាំ១៨០១ បានធ្វើឱ្យប្រទេសនេះបន្តវិវត្តទៅជាសហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់។ ទឹកដីអៀរឡង់មួយភាគធំត្រូវបានកាត់ផ្តាច់ចេញពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៩២២ ដោយបន្សល់ទុកនូវសហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើងរហូតដល់បច្ចុប្បន្ន។
កោះមួយចំនួនដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរដូចជា កោះម៉ាន់ គែនស៊ី និងជែស៊ី គឺមិនស្ថិតនៅក្រោមសហរាជាណាចក្រផ្ទាល់នោះទេដោយកោះទាំងបីត្រូវជារដ្ឋអនិស្សរភាពដែលធានាការការពារនិងទទួលខុសត្រូវដោយរាជរដ្ឋាភិបាលនៃសហរាជាណាចក្រ។[24] ប្រទេសនេះសព្វថ្ងៃមានទឹកដីក្រៅស្រុកចំនួន ១៦[25] ដោយគេបានចាត់ទុកទឹកដីទាំងនោះជាសំណល់ទឹកដីចុងក្រោយរបស់ចក្រភពអង់គ្លេសដែលពីមុនធ្លាប់គ្រប់គ្រងនិងកាន់កាប់ទឹកដីជិតមួយភាគបួននៃផ្ទៃដីសរុបរបស់ពិភពលោក និងមួយភាគបីនៃចំនួនប្រជាជននៅលើពិភពលោក ហើយក៏ជាចក្រភពដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរ។ ឥទ្ធិពលរបស់អង់គ្លេសអាចត្រូវបានគេសង្កេតឃើញមានដក់ជាប់នៅក្នុងភាសា វប្បធម៌ ប្រព័ន្ធច្បាប់ និងនយោបាយនៃអតីតទឹកដីអាណានិគមជាច្រើន។[26][27]
យោងតាមផលិតផលក្នុងស្រុកសរុបជាមធ្យម សហរាជាណាចក្រគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីប្រាំ ហើយជាប់ចំណាត់ថ្នាក់ទីប្រាំបួនបើគិតតាមយុគភាពនៃអំណាចទិញ (យអទ)។ សហរាជាណាចក្រមានប្រាក់ចំណូលសេដ្ឋកិច្ចខ្ពស់ហើយក៏មានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់ផងដែរដោយជាប់ចំណាត់ថ្នាក់ទី ១៣ នៅលើពិភពលោក។ វាជាប្រទេសឧស្សហកម្មដំបូងបំផុតហើយជាមហាអំណាចខ្លាំងជាងគេនៅក្នុងអំឡុងសតវត្សទី១៩ និងទី២០។[28][29] សព្វថ្ងៃ សហរាជាណាចក្រនូវតែរក្សាខ្លួនជាប្រទេសមហាអំណាច ជឿនលឿនខ្លាំងខាងសេដ្ឋកិច្ច វប្បធម៌ យោធា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយនៅលើឆាកអន្តរជាតិ។[30][31] រាជាណាចក្ររួមត្រូវបានគេទទួលស្គាល់ថាជារដ្ឋមានអាវុធនុយក្លេអ៊ែរ ហើយជាប់ចំណាត់ថ្នាក់លេខបួនខាងការចំណាយលើយោធា។[32] សហរាជាណាចក្រគឺជាប្រទេសសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីសម័យប្រជុំលើកទី១ នៅក្នុងឆ្នាំ១៩៤៦ មកម្លេះ។
សហរាជាណាចក្រគឺជាសមាជិកនាំមុខនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រាំពីរ ក្រុមម្ភៃ អង្គការណាតូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ និងអង្គការពាណិជ្ជកម្មពិភពលោក។ល។ សហរាជាណាចក្រជាអតីតសមាជិកសហភាពអឺរ៉ុបអស់រយៈពេល ៤៧ ឆ្នាំ ដោយបានចូលនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៣ ហើយចេញវិញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។