អេស្ប៉ាញ
From Wikipedia, the free encyclopedia
ប្រទេសអេស្ប៉ាញ[ឈ 1] ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអេស្ប៉ាញ[ឈ 2][ឈ 3] គឺជាប្រទេសមួយស្ថិតនៅប៉ែកអឺរ៉ុបនិរតី និងមានទឹកដីមួយចំនួនតូចស្ថិតនៅមហាសមុទ្រអាត្លង់ទិក សមុទ្រមេឌីទែរ៉ាណេ និងទ្វីបអាហ្វ្រិក។ អេស្ប៉ាញជាប្រទេសដែលមានទំហំធំបំផុតនៅតំបន់អឺរ៉ុបខាងត្បូង និងជារដ្ឋសមាជិកសហភាពអឺរ៉ុបធំបំផុតទីបួន។ អេស្ប៉ាញមានទឹកដីមួយភាគធំលាតសន្ធឹងតាមឧបទ្វីបអ៊ីបេរី ខណៈទឹកដីតូចៗមួយចំនួនទៀតដូចជាប្រជុំកោះកាណារីនៅមហាសមុទ្រអាត្លង់ទិក ប្រជុំកោះប៉ាឡេអារ៍នៅសមុទ្រមេឌីទែរ៉ាណេ និងរួមទាំងទីប្រជុំជនស្វយ័តសេអ៊ូតា និងមេលីយ៉ាក្នុងទ្វីបអាហ្វ្រិក។ អេស្ប៉ាញដីគោក ឬឧបទ្វីបអេស្ប៉ាញមានព្រំប្រទល់ជាប់នឹងរដ្ឋជីប្រាល់តានៅចុងភាគខាងត្បូង សមុទ្រមេឌីទែរ៉ាណេនៅភាគខាងត្បូងនិងកើត ប្រទេសបារាំងនិងអង់ដូរ៉ានៅភាគខាងជើង និងប្រទេសព័រទុយហ្កាល់និងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច។ រាជធានី និងទីក្រុងធំជាងគេក្នុងប្រទេសអេស្ប៉ាញគឺ ម៉ាឌ្រីដ ហើយតំបន់ក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ បារសេឡូណា វ៉ាលែនស៊ីយ៉ា ហ្សារ៉ាហ្កូហ្សា សេវីយ៉ា ម៉ាឡាហ្កា មួរស៊ីយ៉ា ប៉ាល់ម៉ាដេម៉ាយ៉ូរកា ឡាសប៉ាល់ម៉ាស និងប៊ីលបាវ។
Reino de España (ភាសាអេស្ប៉ាញ) | |
---|---|
បាវចនា "Plus Ultra" "ចម្រើនទៅបរលោក" | |
ទីតាំងប្រទេសអេស្ប៉ាញ (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | ម៉ាឌ្រីដ 40°26′N 3°42′W |
ភាសាផ្លូវការ | ភាសាអេស្ប៉ាញ[ស 1] |
ក្រុមជនជាតិ (ឆ្នាំ ២០២០)[3] |
|
សាសនា (ឆ្នាំ ២០២២)[4] |
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អាស្រ័យសភាឯកភូត |
- ព្រះមហាក្សត្រ | ហ្វេលីពទី៦ |
- នាយករដ្ឋមន្ត្រី | ប៉េដ្រូ សានឆេស |
នីតិបញ្ញត្តិ | រដ្ឋសភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
និម្មិតកម្ម | |
- រដ្ឋបង្រួបបង្រួម | ២០ មករា ១៤៧៩ |
- អធិបតេយ្យភាពឯក | ១៤ មីនា ១៥១៦ |
- រាជវង្សបច្ចុប្បន្ន | ៩ មិថុនា ១៧១៥ |
- រដ្ឋធម្មនុញ្ញដំបូង | ១៩ មីនា ១៨១២ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ២៩ ធ្នូ ១៩៧៨ |
- ចូលជាសមាជិកនៃសហភាពអឺរុប | ១ មករា ១៩៨៦ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៥០៥,៩៩៤ គ.ម២ (ទី៥១) |
- ផ្ទៃទឹក (%) | ០.៨៩[5] |
ប្រជាជន | |
- ជំរឿន (ឆ្នាំ ២០២០) | ៤៧,៤៥០,៧៩៥[6][7][ស 2] (ទី៣០) |
- ដង់ស៊ីតេ | ៩៤ នាក់/គ.ម២ (ទី១២០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២.២០ ទ្រីលានដុល្លារ[8] (ទី១៦) |
- ក្នុងម្នាក់ | ៤៦,៤១៣ ដុល្លារ[8] (ទី៤០) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១.៤៣៥ ទ្រីលានដុល្លារ[8] (ទី១៥) |
- ក្នុងម្នាក់ | ៣០,១៥៧ ដុល្លារ[8] (ទី៣៨) |
ជីនី (២០១៩) | ៣៣.០[9] មធ្យម |
HDI (២០១៩) | ០.៩០៤[10] ខ្ពស់ណាស់ · ទី២៥ |
រូបិយវត្ថុ | អឺរ៉ូ[ស 3] (€) (EUR) |
ល្វែងម៉ោង | UTC±០ ទៅ +១ (CET និងWET) |
- រដូវក្តៅ (DST) | UTC+១ ទៅ +២ (CEST និងWEST) |
សម្គាល់៖ អេស្ប៉ាញកំណត់យក CET/CEST លើកលែងតែកោះកាណារីដែលកំណត់យក WET/WEST | |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy (CE) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៣៤ |
កូដ ISO 3166 | ES |
ដែនកម្រិតខ្ពស់ | .es .eu |
នៅដើមសម័យបុរាណ កុលសម្ព័ន្ធស៊ែលត៍ និងអ៊ីបេរីបានមកតាំងទីលំនៅលើឧបទ្វីបអ៊ីបេរី និងព្រមទាំងជនជាតិបុរេសម័យរ៉ូម៉ាំងមួយចំនួនទៀតផង។ បន្ទាប់ពីពួករ៉ូម៉ាំងបានចូលកាន់កាប់ឧបទ្វីបនេះ ពួកគេក៏បានបង្កើតខេត្តអ៊ីស្ប៉ានីឡើង។ ក្រោមការត្រួតត្រារបស់រ៉ូម៉ាំង ពួកគេបានធ្វើរ៉ូម៉ាំងនីយកម្ម និងគ្រិស្តវូបនីយកម្មលើប្រជាជនក្នុងខេត្តអ៊ីស្ប៉ានី។ ការដួលរលំនៃចក្រភពរ៉ូមខាងលិចបានបង្កឱ្យមានចលនាចំណាកស្រុកនៃកុលសម្ព័ន្ធខ្លះៗពីតំបន់អឺរ៉ុបកណ្តាលមកកាន់ឧបទ្វីបអ៊ីបេរី ពិសេសគឺជនជាតិវីស៊ីហ្គោត៍ ដែលពួកគេក្រោយមកបានបង្កើតអាណាចក្រផ្ទាល់ខ្លួនដោយមានមូលដ្ឋាននៅក្រុងតូលេដូ។ នៅដើមសតវត្សទីប្រាំបី ឧបទ្វីបអ៊ីបេរីមួយភាគធំត្រូវបានកាន់កាប់ដោយកាលីផ្វចក្រអូមេយ៉ាដ ហើយបានប្តូរឈ្មោះមក អាល់អង់ដាលូស រួចក៏បានក្លាយជាតំបន់ដ៏សំខាន់បំផុតមួយនៃចក្រភពឥស្លាមអូមេយ៉ាដ។ នគរគ្រិស្តសាសនាជាច្រើនបានលេចរូបរាងឡើងនៅភាគខាងជើងតំបន់អ៊ីបេរី ដោយក្នុងនោះមានដូចជា៖ អាស្ទូរី ឡេអូន កាស្ទីល អារ៉ាហ្កន ណាវ៉ារ៍ និងព័រទុយហ្កាល់។ ព្រះនគរទាំងប៉ុន្មាននេះបានរួមគ្នាពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈកម្លាំងយោធាសម្ដៅទៅប៉ែកខាងត្បូងក្នុងគោលបំណងប្រឆាំងនឹងរដ្ឋអំណាចឥស្លាមនៅអ៊ីបេរី ហើយទីបំផុតបានត្រួតត្រាឧបទ្វីបទាំងមូលនៅក្នុងឆ្នាំ១៤៩២។ ការចងសម្ព័ន្ធភាពគ្នារវាងរាជវង្សកាស្ទីយ៉ា និងអារ៉ាហ្កននៅក្នុងឆ្នាំ១៤៧៩ ឱ្យស្ថិតនៅក្រោមរាជអំណាចកាតូលិកតែមួយ ជារឿយៗត្រូវបានគេចាត់ទុកថាជានិម្មាបនកម្មនៃរដ្ឋប្រជាជាតិអេស្ប៉ាញបច្ចុប្បន្ន។
នៅក្នុងអំឡុងសម័យរុករក ប្រទេសអេស្ប៉ាញបាននាំមុខគេក្នុងចលនារុករកពិភពថ្មី និងជាប្រទេសដំបូងដែលអាចធ្វើបរិនាវាចរណ៍ជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ អេស្ប៉ាញបានបង្កើតនូវអាណាចក្រដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ តាមរយៈអាណានិគមកិច្ច។ ចក្រភពអេស្ប៉ាញបានគ្រប់គ្រងទឹកដីស្ទើរតែគ្រប់ទ្វីបទាំងអស់លើសកលលោក ហើយបានពង្រីកប្រព័ន្ធពាណិជ្ជកម្មសកលដើម្បីដោះដូរធាតុលោហៈដ៏មានតម្លៃផ្សេងៗ។ មកដល់សតវត្សរ៍ទី១៨ កំណែទម្រង់ជាច្រើនត្រូវបានគេចេញអនុវត្តនៅលើទឹកដីអេស្ប៉ាញដើម ពិសេសគឺ កំណែទម្រង់បួរបន។[12] នៅក្នុងសតវត្សរ៍ទី១៩ បន្ទាប់ពីធ្លាក់ក្រោមការកាន់កាប់របស់ណាប៉ូលេអុង និងប្រយុទ្ធក្នុងសង្រ្គាមដើម្បីឯករាជ្យ របបនយោបាយនៅក្នុងប្រទេសត្រូវបានបែកបាក់និងបែងចែកជាបក្សពួកសេរីនិយម និងពួកផ្តាច់ការនិយម ហើយជាលទ្ធផល អំណាចអាណានិគមរបស់អេស្ប៉ាញនៅទ្វីបអាមេរិកក៏ធ្លាក់ចុះខ្សោយរហូតបាត់បង់។ ការបែកបាក់នយោបាយនេះបានឆ្លងបន្តរហូតទៅក្នុងសតវត្សរ៍ទី២០ និងបញ្ចប់ទៅវិញនៅក្នុងសង្រ្គាមស៊ីវិលអេស្ប៉ាញ និងបានបើកផ្លូវឱ្យកើតចេញរបបផ្ដាច់ការហ្វ្រង់កូដែលមានអត្ថិភាពរហូតដល់ឆ្នាំ១៩៧៥។ ក្រោយពីបានស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ បូករួមជាមួយនឹងការចូលជាសមាជិកនៃសហភាពអឺរ៉ុប សេដ្ឋកិច្ចប្រទេសអេស្ប៉ាញក៏បានរីកលូតលាស់ចម្រើនឡើង និងបានវិវត្តចូលទៅក្នុងសង្គម និងនយោបាយអេស្ប៉ាញយ៉ាងស៊ីជម្រៅ។ ចាប់តាំងពីយុគសម័យមាសមក (ចុងសតវត្សរ៍ទី១៥) សិល្បៈ ស្ថាបត្យកម្ម តន្ត្រី កំណាព្យ គំនូរ អក្សរសិល្ប៍ និងម្ហូបអាហារអេស្ប៉ាញបានជះឥទ្ធិពលទៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុបខាងលិច និងអាមេរិក។ អេស្ប៉ាញជាប្រទេសចម្បងមួយនៃអឺរ៉ុបឡាទីន និងជាមហាអំណាចវប្បធម៌មួយ។[13][14] ដោយសារតែធនធានសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន អេស្ប៉ាញបានជាប់ឈ្មោះជាប្រទេសដែលមានអ្នកចូលទស្សនាច្រើនជាងគេទីពីរនៅលើពិភពលោក ជាប្រទេសមានទីកន្លែងបេតិកភណ្ឌពិភពលោកច្រើនជាងគេបំផុត ហើយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់និស្សិតអឺរ៉ុប។[15] ឥទ្ធិពលវប្បធម៌អេស្ប៉ាញត្រូវបានទទួលដោយមនុស្សជាង ៦០០ លាននាក់ ដែលធ្វើឱ្យភាសាអេស្ប៉ាញក្លាយជាភាសាកំណើតដ៏ប្រជាប្រិយបំផុតទីពីរ និងជាភាសារ៉ូម៉ាំងដែលគេប្រើប្រាស់ទូលំទូលាយបំផុតលើពិភពលោកផងដែរ។[16]
អេស្ប៉ាញជាប្រទេសប្រជាធិបតេយ្យនិយមសភា និងជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានព្រះរាជាហ្វេលីពទី៦ ជាព្រះប្រមុខរដ្ឋ។ ចំពោះសេដ្ឋកិច្ច អេស្ប៉ាញគឺជាប្រទេសសេដ្ឋកិច្ចមូលធនជឿនលឿនដ៏សំខាន់មួយ[17] ដោយមានផលិតផលក្នុងស្រុកសរុបមធ្យមធំបំផុតទីដប់ប្រាំ (ទីបួនប្រចាំសហភាពអឺរ៉ុប) និងទីដប់ប្រាំដូចគ្នាបើគិតជា យអទ។ ក្រៅពីនេះ ប្រទេសអេស្ប៉ាញជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ហ្សូនអឺរ៉ូ, អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងជាភ្ញៀវអចិន្ត្រៃយ៍នៃហ្សេម្ភៃ ហើយមិនតែប៉ុណ្ណោះ អេស្ប៉ាញក៏មានឈ្មោះជាសមាជិកនៃអង្គការអន្តរជាតិជាច្រើនដូចជា ក្រុមប្រឹក្សាអឺរ៉ុប, អង្គការរដ្ឋអ៊ីបេរ៉ូ-អាមេរិកាំង, សហភាពដើម្បីមេឌីទែរ៉ាណេ, អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច, អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និងអង្គការពាណិជ្ជកម្មពិភពលោក។