ហ្វីលីពីន
From Wikipedia, the free encyclopedia
ប្រទេសហ្វីលីពីន (ភាសាហ្វីលីពីន៖ Pilipinas) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋហ្វីលីពីន (ភាសាហ្វីលីពីន៖ Republika ng Pilipinas) គឺជាប្រទេសប្រជុំកោះមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះមានទីតាំងនៅក្នុងតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក និងមានកោះប្រហែល ៧,៦៤០ កោះដែលត្រូវបានចាត់ថ្នាក់តាមបំណែងចែកភូមិសាស្ត្រសំខាន់ៗចំនួនបីពីខាងជើងទៅត្បូងរួមមាន៖ លូហ្ស៊ុន ប៊ីសាយ៉ា និងមីនដាណាវ។ ប្រទេសហ្វីលីពីនត្រូវបានហុំព័ទ្ធជុំវិញដោយសមុទ្រហ្វីលីពីនខាងលិចនៅភាគខាងលិច សមុទ្រហ្វីលីពីននៅខាងកើតនិងសមុទ្រសេឡេបេសនៅភាគនិរតី និងមានព្រំដែនសមុទ្រជាមួយតៃវ៉ាន់នៅភាគខាងជើង ជប៉ុននៅភាគឦសាន ប៉ាឡូនៅភាគខាងកើតនិងអាគ្នេយ៍ ឥណ្ឌូណេស៊ីនៅភាគខាងត្បូង ម៉ាឡេស៊ីនៅភាគនិរតី វៀតណាមនៅភាគខាងលិច និងចិននៅភាគពាយព្យ។ ប្រទេសហ្វីលីពីនបានគ្របដណ្តប់លើផ្ទៃក្រឡាសរុប ៣០០,០០០ គីឡូម៉ែត្រការ៉េ ហើយគិតត្រឹមឆ្នាំ២០២០ ប្រទេសមួយនេះមានប្រជាជនប្រហែល ១០៩ លាននាក់ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទីដប់បីនៅលើពិភពលោក។ ហ្វីលីពីនជារដ្ឋចម្រុះជាតិសាសន៍ ដែលមានជនជាតិ និងវប្បធម៌ចម្រុះនៅគ្រប់ជ្រុងជ្រោយនៃកោះរបស់ខ្លួន។ ម៉ានីលគឺជារដ្ឋធានី ខណៈដែលទីក្រុងធំបំផុតមានឈ្មោះថាទីក្រុងកេហ្ស៊ុន។
Republika ng Pilipinas (ភាសាហ្វីលីពីន) | |
---|---|
បាវចនា Maka-Diyos, Maka-tao, Makakalikasan at Makabansa "ដើម្បីព្រះ ប្រជាជន ធម្មជាតិ និងប្រទេស" | |
ភ្លេងជាតិ Lupang Hinirang "ទឹកដីដ៏សំណប់" | |
ទីតាំងប្រទេសហ្វីលីពីន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | ម៉ានីល 14°35′N 120°58′E |
ទីក្រុងធំបំផុត | ទីក្រុងកេហ្ស៊ុន 14°38′N 121°02′E |
ភាសាផ្លូវការ |
|
ភាសាប្រចាំតំបន់ | ភាសាចំនួន ១៩ |
ភាសាទទួលស្គាល់ដទៃទៀត | |
ក្រុមជនជាតិ (ឆ្នាំ ២០១៥) |
|
សាសនា (ឆ្នាំ ២០១៥)[1] |
|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | ហ៊្វែឌីណង់ ម៉ាកូស ជូញ័រ |
- អនុប្រធានាធិបតី | សារ៉ា ឌុយទែរតេ |
- ប្រធានព្រឹទ្ធសភា | ទំនេរ |
- ប្រធានសភាតំណាងរាស្ត្រ | ទំនេរ |
នីតិបញ្ញត្តិ | សមាជ |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យពី | |
- ប្រកាសឯករាជ្យពីអេស្ប៉ាញ | ១២ មិថុនា ១៨៩៨ |
- អេស្ប៉ាញកាត់ទឹកដីហ្វីលីពីនមកឱ្យសហរដ្ឋអាមេរិក | ១០ ធ្នូ ១៨៩៨ |
- ទទួលឯករាជ្យពីសហរដ្ឋអាមេរិក | ៤ កក្កដា ១៩៤៦ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣០០,០០០ គ.ម២ (ទី៧២) |
- ផ្ទៃទឹក (%) | ០.៦១[2] |
- ផ្ទៃដីសរុប | ២៩៨,១៧០ គ.ម២ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ១០៩,៩៩១,០៩៥[3] |
- ជំរឿន (ឆ្នាំ ២០២០) | ១០៩,០៣៥,៣៤៣[4] (ទី១៣) |
- ដង់ស៊ីតេ | ៣៣៦ នាក់/គ.ម២ (ទី៤៧) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ១ ទ្រីលានដុល្លារ[5] (ទី២៩) |
- ក្នុងម្នាក់ | ៩,០៦១ ដុល្លារ[5] (ទី១១៥) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៤០២.៦៣៨ ពាន់លានដុល្លារ[5] (ទី៣២) |
- ក្នុងម្នាក់ | ៣,៦៤៦ ដុល្លារ[5] (ទី១១៨) |
ជីនី (២០១៨) | ៤២.៣[6] មធ្យម · ទី៤៤ |
HDI (២០១៩) | ០.៧១៨[7] ខ្ពស់ · ទី១០៧ |
រូបិយវត្ថុ | ប៉េសូហ្វីលីពីន (₱) (PHP) |
ល្វែងម៉ោង | UTC+០៨:០០ (PST) |
ទម្រង់កាលបរិច្ឆេទ | ខែ/ថ្ងៃ/ឆ្នាំ – mm/dd/yyyy |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៦៣ |
ដែនកម្រិតខ្ពស់ | .ph |
ហ្វីលីពីនធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ និង ក្រោយមកអាមេរិក។ ហ្វីលីពីនបានទទួលឯករាជ្យពេញលេញពីអាមេរិកនៅថ្ងៃទី៤ មិថុនា ១៩៤៦ បន្ទាប់ពីសង្គ្រាមប៉ាស៊ីហ្វិកបញ្ចប់ តាមរយៈសន្ឋិសញ្ញាម៉ានីល។ ក្រោយមកហ្វីលីពីនក្លាយជាប្រទេសប្រជាធិបតេយ្យយ៉ាងសន្តិភាព រហូតដល់ការកាន់កាប់អំនាចរបស់លោក ហ្វឺឌីណាន់ ម៉ារកូស ដែលបាននាំទៅដល់ការទំលាក់តំនែងលោកដោយបដិវដ្ដន៍កំលាំងប្រជាជន។ បន្ទាប់ពីនោះមកស្ថានភាពនយោបាយមានភាពឡើងចុះ ប៉ុន្តែប្រកបដោយសន្ដិភាព។
បច្ចុប្បន្ន ហ្វីលីពីនមានលក្ខណៈស្រដៀងនឹងបស្ចិមប្រទេស ដែលភាគច្រើនក្លាយមកពីវប្បធម៌អេស្ប៉ាញ អាមេរិកឡាទីន និង សហរដ្ឋអាមេរិក។ សាសនារ៉ូម៉ាំងកាតូលិក បានក្លាយជាសាសនាធំជាងគេក្នុងប្រទេស និងក្រៅពីនេះគឺសាសនារបៀបអេស្ប៉ាញ និងឥស្លាម។ ភាសាផ្លូវការនៅហ្វីលីពីនគឺភាសាហ្វីលីពីន និងភាសាអង់គ្លេស។